រឿង​ ទុំទាវ

សង្ខេបរឿង​

ទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀន ជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុងវត្តវិហារធំ។ អ្នកទាំងពីរមានចំណេះដឹង ខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ទុំមានរូបរាងស្អាត និង មានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោក ទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើ ឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តស្នេហា តែដោយឋានៈតូចទាបនាងក៏ ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅ និមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូតយ៉ាងពិរោះទាវក៏ចាប់ចិត្ត ស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្ហូរឲ្យនាងនោះយកទៅប្រគេនទុំ ហើយ ប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សន៍ទាយឃើញថា ជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយ អង្វរករលោកគ្រូតែពុំបានសម្រេច។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវិញ។ ជួនជាពេលនោះម្ដាយទាវមិន នៅ ទុំក៏ឡើងលើផ្ទះហើយលួចរួមរ័ក្សជាមួយទាវនាពេលនោះទៅ។ ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចូលដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជា កូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវស្តេចរាមាដែលសោយរាជ្យ នៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះខ្ញុំចេះស្មូត្រយ៉ាងពិរោះ។ ដោយព្រះ បាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវ ដែលជាសង្សារទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំង ចំពោះមុខស្តេច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យស្ដេចរៀបការឲ្យទុំនឹងទាវជាប្តី ប្រពន្ធក្នុងពេលនោះទៅ។ ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើត វិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួនមានជម្ងឺ ជាទម្ងន់។ បានដំណឹងភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ ត្រូវម្តាយចាប់បង្ខំ ឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះស្ដេចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។ មកដល់ ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះ មុខភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោម ដើមពោធិជើងខាល។ ដឹងថាប្តីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ។ អ្នក ទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលស្ដេច ស្ដេចក៏មកកាត់ក្តី ដោយចាប់អរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រស់ពីក្បាល​ រីឯអ្នកស្រុកត្បូងឃ្មុំទាំងអស់ត្រូវបញ្ចូលជាអ្នកងារ។

ត្រឡប់​ទៅវិញ